ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ត្រូវបានស្ថាប័ន The Digital Banker ផ្តល់កិត្តិនាមជា ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ពីរឆ្នាំជាប់គ្នា ពោលគឺឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ពានរង្វាន់នេះបានរៀបចំឡើងដើម្បីអបអរសាទរ ទទួលស្គាល់នូវឧត្តមភាព និងសមិទ្ធិផលរបស់ស្ថាប័នហិរញ្ញវត្ថុឆ្នើម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅតាមប្រទេសនីមួយៗ។
ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័ន Digital Banker ទទួលស្គាល់ និងផ្តល់ពានរង្វាន់ “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ក្រោយពីបានបន្តបង្ហាញនូវឧត្តមភាព និងការប្តេជ្ញាលើការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានទៅកាន់អតិថិជនសហគ្រាសធុនតូច និងមធ្យម។ តាមរយៈការផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតប្រព័ន្ធទូទាត់អេកូឡូស៊ី ធនាគារ កាណាឌីយ៉ា បានលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគាត់។
បន្ថែមពីលើនេះ ធនាគារ កាណាឌីយ៉ា បានកំពុងតែគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយនឹងសមាគម និងស្ថាប័នដែលពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ដែលរួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA), និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) តាមរយៈការផ្តល់នូវគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនដែលមានការខ្វះខាតនូវទ្រព្យបញ្ចាំ និងចូលរួមគាំទ្រ ឧបត្ថម្ភនូវកម្មវិធីដែលទាក់ទងនឹងសិក្ខាសាលាលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងចំណេះដឹងសហគ្រិន និងម្ចាស់អាជីវកម្មឱ្យយល់ដឹងយ៉ាងច្បាស់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្សេងៗ។
ធនាគារ កាណាឌីយ៉ា គឺជាធនាគារដំបូងគេមួយដែលបានចូលរួមក្នុងគម្រោងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់កម្ចី និងឥណទានដល់ធុរកិច្ច ក្រុមហ៊ុន ឬសហគ្រាសធុនតូច និងមធ្យម ហើយត្រូវបានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ទទួលស្គាល់ កាណាឌីយ៉ា ជាធនាគារដែលឆ្នើមបំផុតពីឆ្នាំជាប់គ្នា ពោលគឺកិត្តិនាមជា “គ្រិះស្ថានហិរញ្ញវត្ថុឆ្នើមចំណាត់ថ្នាក់ទីមួយ របស់ CGCC” ដែលជាធនាគារបញ្ចេញកម្ចីដែលមានការធានាច្រើនជាងគេ ក្នុងឆ្នាំ២០២២ និងជាគ្រឹះស្ថានហិរញ្ញវត្ថុដែលដំណើរការលំដាប់លេខមួយជាមួយនឹង“ការអនុវត្តឆ្នើមក្នុងចំនួនគណនីធានា” ក្នុងឆ្នាំ២០២៣។
បន្ថែមពីលើនេះ ធនាគារ កាណាឌីយ៉ា ក៏បានសម្រួលនូវដំណើការសម្រាប់អតិថិជន SME ដោយបន្តវិនិយោគ និងពង្រឹងសមត្ថភាពលើដំណោះស្រាយឌីជីថល ដែលរួមមាន ការដាក់ឱ្យប្រើប្រាស់កម្មវិធី Canadia Merchant App និងដាក់ដំណើរការនូវដំណោះស្រាយទូទាត់ជាច្រើនទៀត។ កម្មវិធី Canadia Merchant App បានលើកកម្ពស់សហគ្រិន ជាមួយនឹងមុខងារសំបូរបែបដែលអ្នកប្រើប្រាស់អាចចូលប្រើបានតាមរយៈទូរស័ព្ទចល័តរបស់ពួកគេ។ តាមរយៈកម្មវិធីនេះ ម្ចាស់អាជីវកម្មអាចទទួលនូវការទូទាត់ប្រាក់យ៉ាងងាយស្រួលក្នុងប្រាក់រៀល និងប្រាក់ដុល្លារពីអតិថិជលរបស់ខ្លួនពីគ្រប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកបាគង (Bakong) ហើយបន្ថែមពីនេះ ម្ចាស់អាជីវកម្មក៏ភ្ជាប់ប្រព័ន្ធជាមួយនឹងសាខាច្រើនកន្លែង និងអាចតាមដានប្រតិបត្តិការភ្លាមៗ ក៏ដូចជាអាចទាញយករបាយការណ៍ហិរញ្ញវត្ថុយ៉ាងងាយស្រួលផងដែរ។
លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា បានក្តីសោមន្សរីករាយដែលធនាគារបានការទទួលស្គាល់ពីសំណាក់ស្ថាប័នដ៏ល្បីល្បាញទូទាំងសកលលោក The Digital Banker។
លោកមានប្រសាសន៍ថា “គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារទាំងអស់មានមោទនភាពជាខ្លាំង ដែលបានទទួលពានរង្វាន់ “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ២០២៤” ពីរឆ្នាំជាប់គ្នាពីសំណាក់កម្មវិធី Global SME Banking Innovation Awards ២០២៤ រៀបចំឡើងដោយស្ថាប័ន The Digital Banker។ ពានរង្វាន់នេះគឺជាសក្ខីកម្មដ៏ច្បាស់លាស់ទៅលើការខិតខំប្រឹងប្រែងលើនវានុវត្តភាព និងផ្តោតសំខាន់លើអតិថិជនជាចំបង ដើម្បីនាំយកមកនូវសេវាកម្ម និងផលិតផលដ៏ល្អ ឈានមុខដើម្បីជួយអាជីវកម្មអតិថិជនរបស់យើងខ្ញុំកាន់តែមានភាពរីកចម្រើន។ តាមរយៈការរួមបញ្ចូលគ្នានូវហិរញ្ញប្បទាន នវានុវត្តដំណោះស្រាយឌីជីថល គំនិតផ្តោតសំខាន់លើអតិថិជន និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធនាគារ កាណាឌីយ៉ា នឹងបន្តពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានទៅកាន់អតិថិនជនសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើនជាងមុន។”
លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងនាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍បន្ថែមថា “វិស័យសហគ្រាសធុនតូច និងមធ្យម គឺជាសសៃឈាមយ៉ាងសំខាន់របស់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដោយវិស័យនេះបានផ្តល់នូវសេវាកម្ម និងផលិតផលចាំបាច់ សំខាន់ៗជាច្រើនដើម្បីសម្របនឹងតម្រូវការ គាំទ្រនូវការអភិវឌ្ឍរបស់សហគមន៍ និងជាប្រភពនៃការងារ និងចំណូលសម្រាប់ប្រជាជនជាច្រើន។ យើងខ្ញុំសូមថ្លែងអំណរគុណ និងមានក្តីសោមន្សរីករាយជាខ្លាំងដែលបានបន្តបម្រើការជាង៣៣ឆ្នាំ ប្រកបដោយការទុកចិត្ត និងគាំទ្រពីអតិថិជន ហើយយើងខ្ញុំនឹងប្តេជ្ញាបន្តជា “ដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នក”។