ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌។
លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia & Cambodia Financialtimes.com ជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពជា ដែលទើបទទួលបានច្បាប់អនុ ញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានថ្លែងថា សមាគមនេះផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ សក្តានុពលវិនិយោគ ទេសចរណ៍ និងអចលនទ្រព្យជាដើម។ល។
លោកបញ្ជាក់ថា “ខ្ញុំគិតថា វាជាការចាំបាច់ណាស់ ក្នុងរួមគ្នាជាក្រុម ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាអោយស្រមតាមគោលនយោបាយអភិវឌ្ឍសដ្ឋកិច្ចជាតិ ឆ្នាំ២០៣០ប្រែក្លាយជាប្រទេស មានចំណូលធម្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។
លោកយិន លាងគង់ប្រធានសមាគមមួយនេះបានបន្តថា “គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយលើកកំពស់មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។