ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី ដែលជាក្រុមហ៊ុនធានាទិញមូលបត្រឈានមុខមួយក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Baker Tilly (Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាសវនកម្មធំមួយក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពដៃគូយុទ្ធសាស្ត្រមួយនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដើម្បីពង្រឹងនូវចំណេះដឹងសាធារណៈទៅលើទីផ្សារមូលបត្រកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាទៅលើ ការពង្រឹងចំណេះដឹងរបស់វិនិយោគិនសាធារណៈ ផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនសក្តានុពល ដែលមានបំណងចង់ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) រៀបចំសិក្ខាសាលាដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងថ្មីៗទៅលើវិស័យពន្ធដារ វិស័យគណនេយ្យ និង បទប្បញ្ញត្តិ ឬច្បាប់ថ្មីៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី បានបន្តមានវត្តមានយ៉ាងរឹងមាំក្នុងវិស័យមូលបត្ររបស់ប្រទេសកម្ពុជាជាង១៤ឆ្នាំមកហើយ ដោយក្រុមហ៊ុនបានផ្តល់សេវាកម្មជាច្រើនប្រភេទនៅក្នុងទីផ្សារមូលបត្ររួមមានដូចជា ការធានាទិញមូលបត្រ ការប្រឹក្សាវិនិយោគ ឈ្មួញជើងសារមូលបត្រ និងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។ ខណៈដែរ Baker Tilly (Cambodia) ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម នឹងប្រឹក្សាហិរញ្ញវត្ថុយ៉ាងសកម្ម ទៅកាន់សាជីវកម្មអន្តរប្រទេស ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាសាធារណៈ ស្ថាប័នសាធារណៈ សហគ្រាសធុនតូច នឹងមធ្យមក្នុងគ្រប់វិស័យ។ តាមរយៈសហប្រតិបត្តិការនេះ ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី និងក្រុមហ៊ុន Baker Tilly (Cambodia) នឹងបន្តលើកកម្ពស់ចំណេះដឹងផ្នែកវិនិយោគ និងចំណេះដឹងអំពីទីផ្សារមូលបត្រដល់ក្រុមហ៊ុនក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងវិនិយោគិនសាធារណៈ ដើម្បីឱ្យពួកគាត់ទទួលបានព័ត៌មានគ្រប់គ្រាន់ មុនធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ឬក្នុងការជួញដូរមូលបត្រជាសាធារណៈផ្សេងៗ។ ជាមួយនឹងចំណេះដឹង ធនធាន និងបទពិសោធន៍ក្នុងទីផ្សារមូលបត្រ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នា ក្នុងការអប់រំចំណេះដឹងទៅកាន់ក្រុមហ៊ុនក្នុងស្រុកដែលមានបំណងចង់ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) អំពីព័ត៌មានផ្សេងៗដូចជា ឯកសារតម្រូវ តម្លាភាពហិរញ្ញវត្ថុ ស្តង់ដារអភិបាលកិច្ចសាជីវកម្ម ជាដើម។
កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពដៃគូយុទ្ធសាស្ត្រនេះបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ថៃ ញ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនកាណា ស៊ីឃ្យួរឹធី និងឧកញ៉ា Tan Khee Meng នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Baker Tilly (Cambodia)។ ក្នុងកម្មវិធីនោះដែរក៏មានវត្តមានចូលរួមពីសំណាក់លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី និងជានាយកប្រតិបត្តិនៃ ធនាគារ កាណាឌីយ៉ា និងលោក អ៊ូ សុផាណារិទ្ធ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី និងជានាយកគ្រប់គ្រងហិរញ្ញវត្ថុនៃ ធនាគារ កាណាឌីយ៉ា រួមនឹងភ្ញៀវកិត្តិយសជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរផងដែរ។
លោក ថៃ ញ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី បានមានប្រសាសន៍ថា ការសហប្រតិបត្តិការភាពជាដៃគូនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ទីផ្សារមូលបត្រ និងពង្រឹងនូវទំនុកចិត្ត សាធារណៈទៅលើការជួញដូរមូលបត្រ រួមជាមួយនឹងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកមានប្រសាសន៍ថា៖ “យើងខ្ញុំមានក្តីសោមន្សរីករាយជាខ្លាំង ជាមួយនឹងការចុះកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Baker Tilly (Cambodia)។ កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនឹងចក្ខុវិស័យ និងបេសកកម្មរបស់និយ័តករមូលបត្រកម្ពុជា (SERC) ដើម្បីលើកកម្ពស់នូវទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា។ យើងខ្ញុំតែងតែគាំទ្រជានិច្ចនូវគម្រោងផ្សេងៗរបស់និយ័តករ ដើម្បីជួយជម្រុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរឹងមាំ និងអត់ធន់ តាមរយៈការចូលរួមចំណែកយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្រ។ យើងខ្ញុំជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹង លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) លើទីផ្សារមូលបត្រ យើងអាចនាំនូវគុណតម្លៃសម្រាប់អតិថិជន និងផ្តល់ឱ្យពួកគាត់នូវចំណេះដឹងច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តវិនិយោគ ដែលកត្តាទាំងនេះនឹងក្នុងការរីកចម្រើនរបស់ប្រព័ន្ធហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
ឧកញ៉ា Tan Khee Meng មានប្រសាសន៍ថា៖ “នៅក្រុមហ៊ុន Baker Tilly (Cambodia) យើងខ្ញុំតែងតែជឿជាក់ ទៅលើសក្តានុពលដ៏មហិមាររបស់វិស័យ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម។ វិស័យនេះ គឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ច ជាចលករនវានុវត្ត និងជាវិស័យមួយដែលបង្កើតឱកាសជាច្រើនរាប់មិនអស់។ ជាមួយនឹងជំនាញ បទពិសោធន៍ និងវត្តមានបណ្តាញរបស់ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី យើងខ្ញុំជឿជាក់ថា ពួកយើងអាចធ្វើការណែនាំសហគ្រាសទាំងនោះ ទៅកាន់មាគ៌ាវឌ្ឍនភាពប្រកបដោយភាពរីកចម្រើន និងជោគជ័យ តាមរយៈការគៀងគងទុនពីទីផ្សារមូលបត្រ។ ប្រៀបធៀបនឹងវិវឌ្ឍនភាពនៃទីផ្សារមូលបត្ររបស់ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី ថៃឡង់ និងវៀតណាម ទីផ្សារមូលបត្រប្រទេសកម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ដោយសារទីផ្សារកំពុងអភិវឌ្ឍ និងមានឱកាសច្រើនសម្រាប់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រឱ្យកាន់តែរីកចម្រើន៕”