Cctimesw1140xh150cm copy

ឡាវប្ដេជ្ញាចិត្តដោះស្រាយបញ្ហានានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

រដ្ឋធានីវៀងចន្ទន៍៖ ភាគីឡាវបានប្ដេជ្ញាចិត្តក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជា-ឡាវ កាន់តែប្រសើរឡើង ខណៈកន្លងមកឡាវបានដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល ក៏ដូចជាការជួយជ្រោមជ្រែងលើវិស័យមួយចំនួនទៀតដូចជា ការតភ្ជាប់ ការដឹកជញ្ជូន និងវិស័យអប់រំជាដើម។

ការប្តេជ្ញានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ សម្តេច ហ៊ុន ម៉ាណែត បានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

ទន្ទឹមនោះ លោក ថងលុន ស៊ីសុលីត បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលសម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។ ឯកឧត្តមប្រធានរដ្ឋបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។

មុននឹងបញ្ចប់ លោក ថងលុន ស៊ីសុលីត បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង