ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ (ចន្លោះថ្ងៃទី១៨ ដល់ ថ្ងៃទី២៤) មានក្មេងទំនើងសរុបចំនួន៧២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងករណីផ្សេងៗគ្នាចំនួន២៥ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ (សុខៈ) បានឲ្យដឹងថា ករណីក្មេងទំនើងសប្ដាហ៍ចុងក្រោយនេះ មានប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ។ សម្រាប់សប្ដាហ៍ចុងក្រោយ ករណីក្មេងទំនើងភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ បន្ទាប់មកមាននៅខេត្តកណ្ដាល ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តកំពង់ចាម។
ចំពោះរូបភាពនៃការអនុវត្តលើក្រុមក្មេងទំនើងដែលប្រព្រឹត្តិសកម្មភាពអវិជ្ជមានក្នុងសង្គម មានពីរប្រភេទ គឺវិធានការរដ្ឋបាល ជាការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើ។ វិធានការមួយទៀត គឺវិធានការច្បាប់ មានន័យថា ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់កំណត់។ ការដោះស្រាយបញ្ហាក្មេងទំនើងនៅក្នុងសង្គម ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ របស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានណែនាំក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕