Cctimesw1140xh150cm copy

ប្រាក់បញ្ញើជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើងដល់១៦% គិតត្រឹមដំណាច់ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។ នេះបើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលស៊ីស៊ីថាមស៍ទទួលបាននៅថ្ងៃទី២៥មីនានេះ។

របាយការណ៍បានបញ្ជាក់ថា កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យចំពោះការលើកកម្ពស់ភាពលេចធ្លោរបស់ប្រាក់រៀលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។ សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ពាន់ពាន់លានរៀលខណៈប្រាក់បញ្ញើជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI)ទាំង៤ បានកើនឡើងដល់ ១,៥២ពាន់ពាន់លានរៀល។ ទិន្នន័យនេះ បានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។

ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមរយៈប្រព័ន្ធទូទាត់បាគង បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើង ៣,៤ដង ខ្ពស់ជាងខ្លាំងធៀបនឹងកំណើនប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ ដែលគូសបញ្ជាក់ពីភាពជោគជ័យនៃរូបិយប័ណ្ណជាតិ។ កំណើននេះ បង្ហាញពីដំណើរទៅមុខរួមគ្នាឆ្ពោះទៅរកការពង្រឹងតួនាទីរបស់ប្រាក់រៀលក្នុងនាមជាមធ្យោបាយនៃការដោះដូរទំនិញ ដែលជួយកាត់បន្ថយគម្លាតរវាងពាណិជ្ជកម្មឌីជីថលនិងពាណិជ្ជកម្មបែបប្រពៃណី។ នេះ ក៏ជាការបង្ហាញឲ្យច្បាស់អំពីដំណើររបស់កម្ពុជាឆ្ពោះទៅរកភាពស្វ័យម្ចាស់ការ និងនិរន្តរភាពផ្នែកសេដ្ឋកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង