ពោធិ៍សាត៖ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ដែលមាន៣ទីតាំក្នុងតំបន់ស្នូល និង ២ទីតាំងនៅក្រៅតំបន់ សរុបទំហំជាង៤៣ហិចតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញ។
យោងតាមក្រសួងបរិស្ថានកម្ពុជា បានអះអាងថា ការសម្រេចត្រៀមដាំស្តារព្រៃឈើឡើងវិញនេះ ធ្វើឡើងក្រោយពីក្រសួងចុះពិនិត្យ និង វាយតម្លៃថាគម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និង មិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការគ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន ត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការ មានចំនួនជាង១លានដើមក្នុងការដាំស្តារព្រៃឈើ នៅរដូវវស្សាឆ្នាំ២០២៤នេះ ក្នុងនោះ មន្ទីរបរិស្ថានរាជធានីខេត្តនានា បានបណ្តុះកូនឈើ បានចំនួនជាង៧០ម៉ឺនដើម និងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយលទៅដាំតាមផ្ទះ សាលារៀន វតត្តអារាម។
នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងវិនិយោគអភិវឌ្ឍទេសចរណ៏ ក្នុងតំបន់ការពារធម្មជាតិទាំងអស់ ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល និងទទួលបានការឯកភាពឱ្យវិនិយោគ ហើយទុកចោល គឺត្រូវបានដកហូតមកវិញ ដោយឃ្លុំទុក ដើម្បីដាំស្តារព្រៃឡើងវិញ។ ជាមួយគ្នានេះ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូត ត្រលប់មកវិញ ពីការកាប់ទន្រ្ទាន និងព្រៃរិចរឹលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ៦០%នៅឆ្នាំ២០៥០៕