ភ្នំពេញ៖ មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិន នៅថ្ងៃទី ២២ មីនាម្សិលមិញ បានបើកដំណើរជាផ្លូវការហើយ ដើម្បីផ្តល់សេវាកម្មជូនប្រជាពលរដ្ឋកម្ពុជា និងប្រជាជនមកពីប្រទេសផ្សេងៗ ដែលស្នើសុំទិដ្ឋាការចិន។មជ្ឈមណ្ឌលនេះ មានផ្តល់សេវាជាច្រើនប្រភេទដោយ ការស្នើសុំទិដ្ឋាការធម្មតាមានតម្លៃ ៥០ដុល្លារអាម៉េរិក។
មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិន គឺជាក្រុមហ៊ុនផ្តល់សេវាកម្មមួយដែលបានចុះបញ្ជីនៅកម្ពុជា និងត្រូវបានទទួលស្គាល់ដោយស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា។ប្រជាពលរដ្ឋកម្ពុជាដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិន គឺអាចធ្វើដំណើរទៅកាន់ទីតាំងនេះ ដើម្បីស្នើសុំទិដ្ឋាការទៅប្រទេសចិនមិនចាំបាច់ទៅស្ថានទូតចិនប្រចាំនៅកម្ពុជាឡើយ។
មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិននៅភ្នំពេញ មានទីតាំងនៅ Flatiron by Meridian បើកដំណើរការអាជីវកម្មចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក)។
ស្តង់ដារតម្លៃទិដ្ឋាការចិនត្រូវបានបែងចែកជាសេវាកម្មធម្មតា សេវាកម្មរហ័ស និងសេវាកម្មបន្ទាន់។ តម្លៃសេវាកម្មធម្មតាគឺ ៥០ ដុល្លារអាមេរិក (រួមទាំងថ្លៃទិដ្ឋាការ និងថ្លៃសេវាកម្ម) តម្លៃសេវាកម្មរហ័សគឺ ៩៣ ដុល្លារអាមេរិក និងតម្លៃសេវាកម្មបន្ទាន់គឺ ១២២ ដុល្លារ។ ប្រសិនបើឯកសារស្នើសុំគ្រប់គ្រាន់នោះ ពេលវេលាដំណើរការសេវាកម្មធម្មតាជាទូទៅគឺ ៤ ថ្ងៃនៃថ្ងៃធ្វើការ ហើយសេវាកម្មរហ័សជាទូទៅគឺ ៣ ថ្ងៃនៃធ្វើការ។