ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានចាប់ផ្តើមអំពីការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W Garment Co., Ltd.) ។ការបើកនេះ បានធ្វើឡើងនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ដំណើរការបើកប្រាក់ឈ្នូលជូនដល់កម្មករនិយោជិតនៃរោងចក្រ វាយ & ដាប់បែលយូ បានចាប់ផ្តើមតាំងពីម៉ោង១រសៀលថ្ងៃនេះ ដោយមានកិច្ចសហការគ្នាយ៉ាងល្អពីអាជ្ញាធរពាក់ព័ន្ធ។
បើតាមលោក កត្តា អ៊ន ក្រោយពីបើកដំណើរការ គេឃើញកម្មករនិយោជិតជាច្រើនរយនាក់បានសម្រុកទៅបើកប្រាក់ឈ្នូល និង អត្ថប្រយោជន៍នានារបស់ខ្លួនអមជាមួយឯកសារដែលមានក្នុងដៃ។លោកបានបន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលមិនទាន់ទៅបើកប្រាក់ឈ្នូលសូមរូសរាន់ និង សូមកុំបាតុកម្មបំពានច្បាប់។
ក្រសួងការងារ ជម្រាបជូនដល់កម្មករនិយោជិត សូមភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា ទី១ ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងទី២ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕