ភ្នំពេញ៖ ក្រសួងធម្មការ នាថ្ងៃទី ២០ មីនា បានប្រកាសអំពីការហាមគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងបាញ់ទឹក ប៉ាតម៉្សៅ ល្បែងស៊ីសង និងគ្រឿងផ្ទុះឡើយ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានណែនាំឱ្យគ្រប់វត្តអារាមមានការប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាននិងគ្រឿងផ្ទុះផ្សេងៗ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការហាមបែបនេះ ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបាននូវប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស។
ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿង ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ឱ្យសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តអារាមឱ្យយកព្រះហឫទ័យទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាមដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ រៀបចំពិធីបុណ្យសាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។
ជាមួយគ្នានេះ ក្រសួងធម្មការ បានណែនាំដល់គ្រប់វត្ដអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋានស្តូបតាមវត្តអារាម។ មិនតែប៉ុណ្ណោះក្រសួង ក៏បានណែនាំគ្រប់វត្តអារាមឱ្យសហការនិងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរពាក់ពន័្ធ គ្រប់លំដាប់ថ្នាក់រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាម។
ជាងនេះទៅទៀត ក្រសួងធម្មការ និងសាសនា បានបន្តណែនាំដល់គ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម៕