ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម រួមនឹងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល នៅថ្ងៃទី ១៩ មីនាកន្លងទៅ បានទទួលស្វាគមន៍ លោក Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារភ្នំពេញ ក្នុងជំនួបពិភាក្សាស្តីពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងមតិស្វាគមន៍ និងអរគុណដល់ ឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការី ក្នុងជំនួបដ៏មានសារៈសំខាន់ដើម្បីពិភាក្សាលម្អិតលើរបៀបវារៈដែលបានស្នើឡើង ជាពិសេសកិច្ចសហការក្នុងការរៀបចំវេទិកាកម្ពុជា-បារាំង នាពេលខាងមុខនេះ។
លោក Jacques Pellet បានបង្ហាញពីសុទិដ្ឋិនិយម ក្នុងកិច្ចសហការគ្នារវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មបារាំងប្រចាំនៅកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង តាមរយៈការជួយគាំទ្រពីស្ថានទូតផ្ទាល់ និងចាប់ផ្តើមការងារបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះតទៅ។
អង្គប្រជុំទាំងមូលបានជជែកពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារនៃរបៀបវារៈទាំងនោះយ៉ាងផុសផុល ប្រកបដោយឆន្ទៈមោះមុតជាពិសេសភាគីទាំងសងខាងបានលើកនិងទទួលយកនូវសំណើ ទាំងអស់ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចប្រជុំនៅថ្ងៃនេះទទួលបានលទ្ធផលផ្កែផ្កា និងបង្កើតឱ្យមានយន្តការក្រុមការងារសម្រាប់រៀបចំការងារបន្ត៕