ស្រុកលើកដែក៖ គម្រោងស្ថាបនាស្ពានបេតុង ប្រវែង៣៥០ម៉ែត្រឆ្លងកាត់ឆ្ពោះ ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នឹងកើតចេញជារូបរាងឡើង នាពេលឆាប់ៗខាងមុខនេះ ខណៈប្រជាពលរដ្ឋទន្ទឹមរង់ចាំ ជាយូរឆ្នាំមកហើយ។នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ឲ្យដឹងថា៖ ក្តីបំណងរបស់ពលរដ្ឋ បានមកដល់ហើយ អំពីការគម្រោង ស្ថាបនាស្ពានបេតុង មួយកន្លែងឆ្លងកាត់ ទៅកាន់ភូមិកោះចំរើន ដែលមានប្រវែង៣៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ព្រមទាំងដាក់លូជ្រុង២ម៉ែត្រ ដោយប្រើប្រាស់ការសាងសង់ រយៈពេល២៤ខែ។
លោកអភិបាលស្រុក ឲ្យដឹងទៀតថា៖ ជាង២ខែនេះ ក្រុមការងារជំនាញ បានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ និងកំពុងរៀបចំ ទីតាំងបើកការដ្ឋាន ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស នៅពេលឆាប់ៗខាងមុខ។
គួររំលឹកថា៖ កាលពីខែតុលា ឆ្នាំ២០២២កន្លងមក មានក្មេង សិស្សនុសិស្សចំនួន១១នាក់ បានស្លាប់ដោយសារជួបឧបទ្ទវហេតុ លិចទូកដ ក្រោយពីពួកគេ ចេញពីសាលារៀនជិះទូកដ ត្រឡប់មកផ្ទះវិញ៕