សៀមរាប៖ ក្លិបអ្នកកាសែតកម្ពុជា( ក.អ.ក) នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ពីបេសកកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំសក្តានុពលទេសចរណ៍ខេត្តសៀមរាប» ដែល បានរៀបចំ និងដឹកនាំដោយ ក.អ.ក ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា បានបញ្ចប់ដោយជោគជ័យលើសពីការរំពឹងទុក។
បេសកកម្មនេះ មានអ្នកសារព័ត៌មានចូលរួមចំនួន ៤២នាក់ មកពី៣២ ស្ថាប័ន ផ្សេងៗគ្នាទាំងជាតិ និងអន្តរជាតិ ត្រូវបានសម្របសម្រួលចូលទស្សនា យកព័ត៌មាន និងផ្តិតរូបភាពក្នុង រមណីយដ្ឋានដ៏មានសក្តានុពលរួមមាន Angkor Wildlife and Aquarium, Angkor Eyes ( កន្ត្រកវិល), ព្រលានយន្តហោះអន្តរជាតិសៀមរាប, ភូមិព្រះដាក់, បារាយណ៍, ទេសចរណ៍បែបស៊ីវីល័យតាមរថយន្ត Jeep, សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក, បុណ្យទន្លេ រួមនិងសន្និសីទសារព័ត៌មាន ដែលមានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅមុខប្រាសាទអង្គរ។
តាមរយៈនៃបេសកកម្មសារព័ត៌មាននោះ ក.អ.ក បានឲ្យដឹងថា ខេត្តសៀមរាបអង្គរជាតំបន់ ដែលពោរពេញដោយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រពៃណី និងធនធានធម្មជាតិដ៏សម្បូរបែប ហើយជា ទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្តែការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ អាចនិយាយបានថាមិនទាន់ទូលាយនៅឡើយ។ ដូច្នេះផ្តើមពីនោះ ក.អ.ក នឹងខិតខំធ្វើយ៉ាងណារៀបចំដំណើរទស្សនកិច្ចការងារបែបនេះជាបន្តបន្ទាប់ទៅ កាន់ខេត្តផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែទូលាយលើវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ។
សូមបញ្ជាក់ថា បេសកកម្មព័ត៌មាន ដើម្បី«ផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប» នេះ ប្រធានក្លឹបអ្នកកាសែត លោក ពុយ គា បានបញ្ជាក់ថា បេសកកម្មនេះទទួលបានជោគជ័យ ហើយអាចនឹងបន្តទៅគ្រប់ខេត្ត ឬគោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រសិនជាមានការបន្តគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ៕