ភ្នំពេញ៖ គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែម។ បទបង្ហាញនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញរួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីសវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នា ពីស្ថាប័នផ្សេងៗ ដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់លោក ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោកបានចុះទស្សនកិច្ចឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី(Metro) ក្នុងទីក្រុងក្វាវចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់ដោយក្រុមហ៊ុន Guangzhou Metro Group រួមសម្របសម្រួលដោយក្រុមហ៊ុន China Metro Group។
ស្ថានីយរថភ្លើង Guangzhou Metro នេះជាស្ថានីយរថភ្លើងមួយ ស្ថិតក្នុងខេត្តក្វាងទុង នៃប្រទេសចិន ដែលមានប្រមាណ៥០ខ្សែ សរុបប្រវែងប្រមាណ ២.០០០គីឡូម៉ែត្រ រត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូល៕