ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ពីត្រពាំងរពៅ-វាលរេញ មានប្រវែងប្រមាណ២០គ.ម ដែលរងការខូចខាតធ្ងន់ធ្ងរ គឺកំពុងរងចាំការឆ្លើយតបពីភាគីចិនដើម្បីស្នើនៅក្នុងការស្ថាបនាផ្លូវនេះឱ្យស្របតាមស្ដង់ដារបច្ចេកទេស ហើយបច្ចុប្បន្នចម្ងាយផ្លូវជាង២០គ.មនេះ គឺត្រូវប្រើប្រាស់ថវិកាជាតិដើម្បីជួសជុលថែទាំជាបណ្ដោះអាសន្នដើម្បីសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្នុងកំឡុងពេលទន្ទឹងរងចាំការឆ្លងតបពីភាគីចិន មុននឹងអាចឈានទៅអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់ក្នុងពេលខាងមុខ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជួសជុលថែទាំប្រចាំជាបណ្តោះអាសន្ន ដោយកែលម្អស្ថានភាពផ្លូវ ភ្ជួរ កៀរ កិន បង្ហាប់ ដើម្បីសម្រួលចរាចរណ៍ និងដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវនេះ។
គួរបញ្ជាក់ថា គម្រោងផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ ត្រូវការសិក្សាឱ្យបានច្បាស់លាស់ និងជជែកលម្អិតពីរបៀបសាងសង់ ជៀសវាងធ្វើរួចហើយខូចវិញ។ កន្លងមក អ្នកនាំពាក្យក្រសួងសាធរាណការក៏បានបញ្ជាក់ថា តាមការសិក្សាកំណាត់ផ្លូវនេះ កន្លែងខ្លះដីស្អុយនៅខាងក្រោមពី៥ ទៅ១៤ម៉ែត្រ ដែលទាមទារការសាងសង់ម៉ត់ចត់បំផុត។ ក្រសួងសាធារណការ បានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេសបុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍៕