Cctime 6monthsfree desktop
Cc times  web banner kh (2)

សារមន្ទីរទួលស្លែង បានរង្វាន់ JIKJI ពីអង្គការយូណេស្កូ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទទួលពានរង្វាន់ JIKJI នៃស្មារតីចងចាំលំដាប់ពិភពលោកក្នុងឆ្នាំ២០២០ ពីអង្គការយូណេស្កូ។ នេះតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២០។ 

អង្គការយូណេស្កូ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចផ្តល់រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូឆ្នាំ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទៅលើសមិទ្ធផល នៃការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឯកសារ និងប័ណ្ណសាររូបថត ជាមរតកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិ។

បើតាមសេចក្ដីជូនដំណឹងបនាឱ្យដឹងថា ការសម្រេចផ្ដល់រង្វាន់ដល់គុកទួលស្លែង គឺធ្វើឡើងយ៉ាងហ្មត់ចត់បំផុត ពីគណៈកម្មាធិការវាយតម្លៃ ដែលជ្រើសចេញពីគណៈកម្មាធិការទីប្រឹក្សាអន្តរជាតិ នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ផងដែរថា ពានរង្វាន់នៃ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូនេះ ជារង្វាន់បង្កើតឡើងដើម្បីរំលឹកដល់ខួប នៃការចុះបញ្ជីសៀវភៅ Butjo JiKji Sinche YoJeol ដែលបោះពុម្ពចេញពីអក្សរលោហៈផ្គុំគ្នា នៅសល់ចាស់ជាងគេលើពិភពលោក នាអំឡុងពេល នៃកិច្ចប្រជុំប្រតិបត្តិរបស់អង្គការយូណេស្កូ កាលពីខែមេសា ឆ្នាំ២០០៤។ 

ក្នុងន័យនេះ  នៃការបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីចូលរួមលើកស្ទួយ និងលើកទឹកចិត្តដល់បុគ្គល ឬស្ថាប័ន ដែលបានខិតខំគាំពារ ថែរក្សាមរតកឯកសារ ដោយផ្ដោតលើទិសដៅអប់រំបណ្ដុះបណ្ដាលការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ និងគ្រប់វ័យ។ រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ បានផ្ដល់ជូនបុគ្គលិកសាធារណៈជារៀងរាល់ ២ឆ្នាំម្ដង។

សូមជម្រាបជូនថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាស្ថាប័នទី៨ ដែលទទួលបានរង្វាន់ប្រចាំឆ្នាំ២០២០។ មូលដ្ឋានសំខាន់ក្នុងការផ្ដល់រង្វាន់ គឺផ្ដោតទៅលើការថែរក្សាអភិរក្សឯកសារប័ណ្ណសារូបថត និងការរៀបចំប្រព័ន្ធទិន្នន័យរួមមួយដែលផ្ដល់ភាពងាយស្រួលដល់សាធារណជនក្នុងការស្វែងរកឯកសារ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង