Cctimesw1140xh150cm copy

ចិននិងថៃ ស្វែងរកឱកាសវិនិយោគក្នុងវិស័យសាងសង់ហេដ្ឋារចនា និងឧស្សាហកម្មឈើដាំនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ វិនិយោគិនចិន និងថៃ ស្វែងរកកាលានុវត្តភាពវិនិយោគក្នុងវិស័យសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មឈើដាំនៅកម្ពុជា។ គោលបំណងនៃការវិនិយោគនេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) ក្រុមហ៊ុន Cambodian Natural Gas និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តំណាងក្រុមហ៊ុន CNOOC បានបង្ហាញពីចំណាប់អារម្មណ៍ពីការវិវត្តរីកចម្រើនរបស់កម្ពុជា និងបានជម្រាបជូនពីបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា ដែលក្នុងនោះរួមមានទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនីដែលប្រើប្រាស់ឧស្ម័ន ដែលការវិនិយោគនេះនឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជានៅពេលខាងមុខ។

ក្នុងជំនួបប្រជុំនៅថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd ដែលមកពីប្រទេសថៃ ក៏បានជម្រាបជូនពីសកម្មភាពរបស់ក្រុមហ៊ុននាពេលកន្លងមកក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។ ក្រុមហ៊ុនបានជម្រាបជូនពីបំណងចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។

លោក នុត អ៊ុនវ័ណរ៉ា ក៏បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនទាំង៣ ដែលបានមកធ្វើការសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន ហើយដែលក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការទទួលបន្ទុកវិនិយោគនឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង