ភ្នំពេញ៖ កម្ពុជ-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ១៥៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍន៍របស់ជប៉ុនលើគ្រប់វិស័យ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែកស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍ ដែលជាការរួមចំណែកមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់និងអន្តរជាតិដែលជាការព្រួយបារម្ភ និងជាប្រយោជន៍រួម ព្រមទាំងអះអាងជាថ្មីពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕