![](https://cdn.cc-times.com/kh.cc-times.com/media/4432/large/%E1%9E%91%E1%9E%B7%E1%9E%8F_%E1%9E%85%E1%9E%93%E1%9F%92%E1%9E%90%E1%9E%B6_%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%9F%E1%9E%BD%E1%9E%84%E1%9E%91%E1%9F%81%E1%9E%9F%E1%9E%85%E1%9E%9A%E1%9E%8E%E1%9F%8D.jpg?1599192777)
ភ្នំពេញ៖ កម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចូលបម្រើការងារវិញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ទិត្យ ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ១៩» នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។
ឯកឧត្តម ទិត ចន្ថា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ តាមតួលេខដែលក្រសួងទេសចរណ៍ទទួលបាន អាជីវកម្មបម្រើឲ្យវិស័យទេសចរណ៍ ៣០ភាគរយបើកដំណើរការឡើងវិញ ក្នុងចំណោម៩០ភាគរយដែលត្រូវបិទទ្វារ ដោយសារកូវីដ-១៩។ ក្នុងនោះកម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចូលបម្រើការងារវិញផងដែរ។
បើតាមឯកឧត្តម ទិត ចន្ថា ការដំណើរការឡើងវិញនេះ គឺដោយសារតែចរន្តទេសចរណ៍ក្នុងស្រុក កាន់តែច្រើន ដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ដោយក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចប្រមាណ១.៤លាននាក់(១០ភាគរយ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា) បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងនោះបានចាយថវិកាប្រមាណជាង១០០លានដុល្លារអាមេរិក។
ឯកឧត្តមបន្ថែមថា ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍ ហើយទុននេះនឹងជួយជំរុញផ្នែកពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម ហើយតាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។