Cctimesw1140xh150cm copy

មន្ទីរពេទ្យ«តេជោសែនកោះធំ»តម្លៃជាង១០លានដុល្លារសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារអាម៉េរិក នៅថ្ងៃទី ១៣ មីនានេះ ត្រូវបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និង បំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។

មន្ទីរពេទ្យបង្អែកកោះធំ សេវាដូចជា ពិ​គ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និង ជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ ជាមួយការបំពាក់ដោយ​ឧបករណ៍​ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។

បើតាមក្រសួងសុខាភិបាល មន្ទីរពេទ្យ «តេជោសែនកោះធំ»នេះ មានមន្ដ្រីរាជការសរុបមានចំនួន ៩៥នាក់ ក្នុងនោះមានមន្ត្រីក្រប​ខ័ណ្ឌ​ចំនួន ៧២នាក់ និង មន្ត្រីកិច្ចសន្យា-មន្ត្រីជួលចំនួន ២៣នាក់។មន្ត្រីក្របខណ្ឌទាំង ៧២នាក់ សុទ្ធតែជាបុគ្គលិកបច្ចេកទេសជំនាញ ដែលមាន៖ វេជ្ជបណ្ឌិតឯកទេស ២នាក់ វេជ្ជបណ្ឌិត ១៦នាក់ ឱសថការី ២នាក់ ទន្តបណ្ឌិត ២នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ៦នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក ២នាក់ គិលានុបដ្ឋាកមធ្យម ១៧នាក់ គិលានុបដ្ឋាកបឋម ៦នាក់ អ្នកបច្ចេក​ទេស​​ព្យាបាលដោយចលនា ១នាក់ បរិញ្ញាបត្រឆ្មប ១នាក់ ឆ្មបមធ្យម ១៤នាក់ ឆ្មបបឋម ២នាក់ និង​ជំនាញ​គណនេយ្យ រដ្ឋបាល១នាក់។

ថ្លែងក្នុងពិធីសម្ពោធ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកមន្ទីរពេទ្យ «តេជោសែនកោះធំ» នឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការ​ផ្តល់សេវាសុខាភិបាល​សាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើក​ដែក នៃខេត្តកណ្តាល និង ស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ជាមួយគ្នានោះសម្តេច បានណែនាំដល់ក្រសួងសុខភិបាលត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងមន្ត្រីពេទ្យប្រចាំការ ជាពិសេសប្រធានពេទ្យ និង ការប្រើប្រាស់ឱសថប្រកបដោយគុណភាពខ្ពង់ និងស្តង់ដារល្អ កុំឱ្យចាញ់ពេទ្យនៅក្នុងទីក្រុងភ្នំពេញ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ «តេជោសែនកោះធំ» មានឈ្មោះដើមថា មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ នៅឆ្នាំ​១៩​៩៧​ មន្ទីរពេទ្យបានដូរឈ្មោះពីមន្ទីរពេទ្យស្រុកកោះធំមក ជាមន្ទីរពេទ្យបង្អែកកោះធំ។លុះចុងឆ្នាំ២០២១ បានដាក់ឈ្មោះថា មន្ទីរពេទ្យតេជោសែនកោះធំ។

មន្ទីរពេទ្យនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់ពង្រីកបន្ថែម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ១ម៉ឺន ៤ពាន់ម៉ែតក្រក្រឡា ចែកចេញជា៣អគារហើយសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ចំណាយ​ថវិកាសាងសង់អគារ និង បំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង