ព្រះសីហនុ៖ គម្រោងវិនិយោគពាក់ព័ន្ធនឹង«អគារជាប់គាំង»ចំនួន៥ទៀតនៅថ្ងៃទី ១២ មីនានេះ ត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត។ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”។ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន ៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកទឹក-ចិត្តពិសេស និង ការសម្រួលនីតិវិធី ។
គម្រោងទាំង ៥ នេះ រួមមាន៖ ១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ, ៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ, ៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ជារួម, ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និង ជំរុញការអនុវត្តគម្រោងទាំង ៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ច ដោយរលូន។
សូមជម្រាបជូនថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានពិនិត្យ និង សម្រេចលើការផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និង អគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។ សម្រាប់ខែ មីនា និង ជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និង កំពុងទទួល និង ពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤៕