
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៤ កញ្ញានេះ បានសម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០ លានដុល្លារអាម៉េរិក ដើម្បីកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប។
នៅលើផេកផ្លូវការ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ-១៩។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕