ភ្នំពេញ៖ ការចូលជាលក្ខណៈអន្តរជាតិនៅកម្ពុជាមានសរុបចំនួន ៦.០២១.២៨២នាក់ (២២៨សញ្ជាតិ) លើ ២.១២៥.៥២១នាក់ កើនឡើង ១៨៣,២៨% ក្នុងនោះអ្នកដំណើរដំណើរជាជនជាតិបរទេសមកកម្ពុជាច្រើនជាងគេគឺថៃ បន្ទាប់មកគឺវៀតណាម ចិន ឡាវ អាម៉េរិកជាដើម។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
បើតាមរបាយការណ៍ ក្នុងចំណោមអ្នកដំណើរជាជនជាតិបរទេសជាង៦លាននាក់នោះ មានអ្នកទេសចរ ចំនួន ៤.៨០១.៩៧៩នាក់ ស្មើនឹង ៧៩,៧៥%, ពាណិជ្ជករ ៩៧៧.៩៣៧នាក់ ស្មើនឹង ១៦,២៤% ក្រៅពីនោះ ការទូត ៧.១៩៩នាក់ ផ្លូវការ ៩.៩៥៩នាក់ បោរីភាព ២៧.០០២នាក់ នាវិក ៦១.៧៣៨នាក់ អនិកជន ១៣៣.១៣៦នាក់ និងអ្នកដំណើរឆ្លងកាត់ ២.៣៣២នាក់ ស្មើនឹង ៤,០១%។
របាយការណ៍បញ្ជាក់ថា ចំពោះដំណើរចូលប្រទេសខាងលើប្រព្រឹត្តទៅតាមមធ្យោបាយផ្សេងៗរួមមាន៖ ផ្លូវអាកាស ចំនួន ១.៨៣៦.៩៦៨នាក់ ស្មើនឹង ៣០,៥១%, ផ្លូវគោក ចំនួន ៤.១២២.៥៧៦នាក់ ស្មើនឹង ៦៨,៤៧%, និង ផ្លូវទឹក ចំនួន ៦១.៧៣៨នាក់ ស្មើនឹង ១,០២%។
ប្រទេសនាំមុខចំនួន ១០ ដែលមានចំនួនអ្នកដំណើរមកកម្ពុជាច្រើនជាងគេ មានដូចជា៖ ១-ថៃ ចំនួន២.២៥៦.៨៣៩នាក់ កើន ១៨៥,០១%, ២.វៀតណាម ចំនួន ១.០៣៤.៦៣៦នាក់ កើន ១២៨,៦៧%, ៣.ចិន ចំនួន ៥៤៣.៣៧៧នាក់ កើន ៤២៨,០៥%, ៤.ឡាវចំនួន ៤១៥.២៤២នាក់ កើន៤០៣,៧៧%, ៥-អាមេរិក ចំនួន ១៨៦.៧៤៤នាក់ កើន ១២២,៤៣%, ៦-កូរ៉េខាងត្បូង ចំនួន ១៧០.១៣៣នាក់ កើន ១៩៤,៦៦%, ៧-ឥណ្ឌូនេស៊ីចំនួន ១៣៧.០៧៨នាក់ កើន ៨៥,០៩%, ៨-រុស្សី ចំនួន ១១២.១៥២នាក់ កើន ៩៧៦,៦២%, ៩-បារាំង ចំនួន ១០៩.៨៤៨នាក់ កើន១១៦,៨១%,១០-ម៉ាឡេស៊ី ចំនួន ៨៩.៥២០នាក់ កើន ៧៧,០៧%។
របាយការណ៍បន្តថា ការចេញជាលក្ខណៈអន្តរជាតិ សរុបមានចំនួន ៥.២៦៣.៨០១នាក់ (២២៧សញ្ជាតិ) លើ១.៩០០.១៦៥នាក់ ប្រៀបធៀបឆ្នាំ២០២២ កើន ១៧៧,០២% ហើយការចូលជាលក្ខណៈតំបន់ព្រំដែន សរុបចំនួន ១.៩៦៩.៧៦៤នាក់ លើ ៦២៧.៩៩២នាក់ កើនចំនួន ២១៣,៦៦% (ភាគច្រើនជាអ្នកបើកបររថយន្តដឹកទំនិញ ចេញ ចូលប្រចាំថ្ងៃ)។ ការចេញជាលក្ខណៈតំបន់ព្រំដែន ចំនួន ១.៦៣៣.០៨៥នាក់ លើ ៦២០.៤៣៧នាក់ កើនចំនួន ១៦៣,២២%៕