ភ្នំពេញ ៖ នៅក្នុងសប្ដាហ៍កន្លងទៅនេះ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទាំង ២៥រាជធានី-ខេត្ត បានចំនួន ១៦.៦២២សេវា។ កាលពីសប្ដាហ៍មុន មានសេវាអត្តសញ្ញាណកម្មប្រមាណ ២ម៉ឺនសេវាត្រូវបានមន្រ្តីផ្ដល់ជូនប្រជាពលរដ្ឋផងដែរ។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
សម្រាប់សប្ដាហ៍ចុងក្រោយនេះ សេវាដែលបានផ្ដល់ជូនប្រជាពលរដ្ឋនោះរួមមាន៖ សេវាអត្តសញ្ញាណបណ្ណមានចំនួន ៥.៥០៦សន្លឹក, លិខិតឆ្លងដែនមានចំនួន ៥.៦៨៦លិខិត, លិខិតធ្វើដំណើរមានចំនួន ១.៣២៨លខិត, សៀវភៅស្នាក់នៅមានចំនួន២.២៧៩ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៨២៣ក្បាល។
គួរបញ្ជាក់ថា ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក៏បាននឹងកំពុងសហការជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (ខាងត្បូង) ផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករខ្មែរនៅទីនោះផងដែរ៕