
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការចរចាជុំទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងសប្តាហ៍នេះ ពីថ្ងៃទី៣១ ដល់ ៣ កញ្ញា ២០២០ តាមរយ: Video Conference។លទ្ធផលកិច្ចប្រជុំរវាងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ ជុំទី២ មានការរីកចម្រើនទៅមុខ គួរឲ្យកត់សម្គាល់។នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងប្រាប់ស៊ីស៊ីថាមស៍។
បើតាមឯកឧត្តម ស៊ាង ថៃ នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា និងកូរ៉េខាងត្បូងបានបញ្ចប់ជំពូកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានផ្ដល់ការបើកច្រកទីផ្សារក្នុងកម្រិតផ្សេងគ្នា គឺ កម្ពុជាបើកច្រកទីផ្សារជូនកូរ៉េ តូចជាងទទួលបានពីកូរ៉េ។ រីឯ ជំពូកផ្សេងទៀតក្នុងសេចក្ដីព្រាងកិច្ចព្រមព្រៀង មានការឯកភាព (គិតជាភាគរយ) ក្នុងកម្រិតផ្សេងៗគ្នា ជំពូកខ្លះក៏មានការឯកភាពគ្នាច្រើន ជំពូកខ្លះក៏តិច។បានពិភាក្សាគ្នាលើសេចក្ដីព្រាងផែនការការងារ សំដៅបញ្ចប់ការចរចានៅចុងឆ្នាំ២០២០ នេះ។ជុំចរចាទី៣ នឹងធ្វើនៅចុងខែកញ្ញា ២០២០។
យោងតាមស្ថិតិពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានឱ្យដឹងថានៅឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១ ពាន់លានដុល្លារពោលគឺកើនឡើង ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ដែលបានបង្កើតកំណត់ត្រាខ្ពស់។
នៅឆ្នាំ ២០១៩ ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងមកកម្ពុជាបានកើនឡើងដល់ ៦៩៧ លានដុល្លារអាមេរិក កើនឡើងជិត ៥.៥% ។ផលិតផលសំខាន់ៗដែលកូរ៉េខាងត្បូងនាំចេញមកកម្ពុជារួមមាន៖ រថយន្ត ភេសជ្ជៈ វាយនភ័ណ្ឌជាដើម។ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េរួមមានវាយនភណ្ឌ សម្លៀកបំពាក់និងស្បែកជើង៕