ភ្នំពេញ៖ រយៈពេល ១សប្តាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន២៥ករណី និងឃាត់ខ្លួនបាន៨៣នាក់។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ(សុខៈ) បានឲ្យដឹងថា ករណីក្មេងទំនើងក្នុង១សប្ដាហ៍កន្លងទៅ មានការកើតច្រើនជាងគេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៤ករណីឃាត់ខ្លួនបាន២៥នាក់។ ចំណែកខេត្តពោធិ៍សាត់៥ករណីឃាត់ខ្លួន៧នាក់, ខេត្តបត់ដំបង ២ករណី ឃាត់ខ្លួន៤៥នាក់, ខេត្តត្បូងឃ្មុំ២ករណីឃាត់ខ្លួន៤នាក់, ខេត្តកណ្ដាល១ករណីឃាត់ខ្លួន២នាក់ និងខេត្តកំពង់ធំ១ករណីឃាត់ខ្លួន១នាក់។
អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ការបង្ក្រាបក្មេងទំនើង គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដើមអាណត្តិមកម្ល៉េះ។ ករណីក្មេងទំនើងពុំមែនជាសមត្ថកិច្ចផ្ដាច់មុខតែក្រសួងមហាផ្ទៃនោះទេ ពោលគឺទាមទារការចូលរួមពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការសមាគមជាច្រើនទៀត បន្តចូលរួមផ្សព្វផ្សាយអប់រំ ណែនាំ តម្រង់ទិស ដើម្បីទប់ស្កាត់បង្ការ។ ជារួមត្រូវប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប៕