ភ្នំពេញ៖ កម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ ជាមួយអារ៉ាប់រួម និងឥណ្ឌា នាពេលឆាប់ៗខាងមុខនេះ ក្នុងនោះជើងហោះហើរពីអារ៉ាប់រួម នឹងផ្តើមហោះហើរមកម្ពុជាក្នុងអំឡុងខែឧសភាខាងមុខ ខណៈឥណ្ឌាឈានដល់កម្រិតនៃការស្នើសុំការហោះហើរជាក់លាក់មកកាន់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤មានចំនួន ១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន ១៦៨ ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។
ចំពោះអ្នកដំណើរដែលហោះហើរមកកាន់កម្ពុជាច្រើនជាងគេលំបាប់ទី១គឺជនជាតិថៃ ទី២ ជនជាតិវៀតណាម ទី៣ ជនជាតិសិង្ហបុរី ទី៤ ជនជាតិម៉ាឡេស៊ី និងទី៥ ជនជាតិឡាវ។