ស្ទឹងត្រែង៖ ពងកន្ធាយក្បាលកង្កែបមួយសំបុក ដែលមានចំនួន ៥៥ពង បានធ្វើសំបុកកប់នៅក្នុងដីខ្សាច់ ត្រូវបានប្រជានេសាទរកឃើញតាមដងទន្លេមេគង្គជាប់ព្រំប្រទល់ ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកដើម្បីភ្ញាស់ នៅកន្លែងមានសុវត្ថិភាព ។
ការប្រទះឃើញកន្ធាយក្បាលកង្កបែបនេះ ក្រោយប្រជានេសាទម្នាក់ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក បានរាយការណ៍ទៅមន្ត្រីជំនាញជលផល ដោយបញ្ជាក់ថា បានដើរតាមដងទន្លេមេគង្គរកបន្លែត្រីសាច់ជាធម្មតា ក៏ស្រាប់តែប្រទះឃើញស្នាមដានជើងដ៏គួរឲ្យសង្ស័យ នៅលើដីខ្សាច់ ក្រោយមកគាត់កាយដីខ្សាច់នោះ ក៏បានប្រទះឃើញមានពងកន្ធាយក្បាលកង្កែបពណ៌សជាច្រើនកប់ក្នុងដីខ្សាច់នោះតែម្តង។
ដូច្នេះ គេក៏រាយការណ៍មកឆ្នាំទន្លេ ហើយក្រុមអភិរក្សឆ្មាំទន្លេក៏រាយការណ៍ទៅកាន់មន្ត្រីជំនាញជលផល ដើម្បីដឹកនាំកម្លាំងចុះទីតាំងនោះ។ នៅរសៀលថ្ងៃទី ៥ ខែ មីនា ក្រុមន្ត្រីជំនាញក៏បានចុះទៅត្រួតពិនិត្យ និងជីកកាយដីខ្សាច់ក៏ប្រទះឃើញថា មានពងកប់នៅក្នុងដីខ្សាច់ពិតប្រាកដមែន ហើយវាជាពងសត្វកន្ធាយក្បាលកង្កែបមានចំនួន៥៥ពង។
សូមជម្រាបថា កន្ធាយក្បាលកង្កែប គឺជាសត្វកម្រម្យ៉ាង ដែលរាជរដ្ឋាភិបាល បានចុះអនុក្រឹតជាប្រភេទសត្វជិតផុតពូជ និងងាយរងគ្រោះបំផុត ហើយនាពេលថ្មីៗនេះ ប្រជាពលរដ្ឋបានប្រទះឃើញពងរបស់វាកប់ក្នុងដីខ្សាច់តាមដងទន្លេមេគង្គ នេះជាលទ្ធផលវិជ្ជមាន ដែលកើតចេញពីការចូលរួមការពារធនធានជលផល របស់អ្នកពាក់ព័ន្ធទាំងអស់គ្នា៕