
នៅទីក្រុងម៉ែលប៊ន៖ ក្រុមហ៊ុន SPC បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ខណៈក្រុមហ៊ុននេះមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។ គោលបំណងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៥មីនា ឆ្នាំ២០២៤។
នាឱកាសនេះ ប្រធានក្រុមហ៊ុន SPC Group បានលើកឡើងថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះប្រធានក្រុមហ៊ុនរូបនេះ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។
ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕

