
ទីក្រុងម៉ែលប៊ន៖ កម្ពុជា-អូស្រ្តាលី ចុះMOUជាមួយគ្នា លើឯកសារចំនួន២ ក្នុងគោលដៅទាក់ទាញវិនិយោគលើវិស័យទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ចរវាងគ្នា។ ការចុះMOUនេះត្រូវបានធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៥ មីនា ២០២៤។ វេទិកានេះមានការចូលរួមពីវិនិយោគិន ចំនួន ៣៥០នាក់ និងក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន។
ពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន២នោះមានដូចជា៖ ១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។ ២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។
វេទិកាធុរកិច្ចនេះ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពលវិនិយោគ យន្តការលើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគ ក៏ដូចជាបង្កលក្ខណៈដល់វិស័យឯកជនរបស់កម្ពុជា និងអូស្ត្រាលី អាចស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតនូវឱកាសវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា៕



