Cctimesw1140xh150cm copy

២ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបល្បែងខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនជិត៥០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត។ នេះបើតាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងរូបនេះ បន្តថា ក្នុងចំណោមទាំង៣០០ទីតាំងដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។

លោក ទូច សុឃៈ (សុខៈ) បានអះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

អ្នកនាំពាក្យរង  បានបញ្ជាក់ទៀតថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង៣០០ទីតាំងដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ លើមនុស្សចំនួន៣៣៩នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង