ទីក្រុងម៉ែលប៊ន៖ ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៤មីនា ២០២៤នេះ។
នាឱកាសនេះ លោក Paul Serra បានលើកឡើងថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។
ជាការឆ្លើយតប សម្តេចក៏បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។
គួរបញ្ជាក់ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភជិត៥០ប្រទេសផងដែរ៕