កម្ពុជា៖ គោព្រៃ គឺជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ គេកម្រងឃើញវាណាស់ រហូតដល់គេគិតថា គោព្រៃ ប្រហែលជាផុតពូជពីពិភពលោកនេះបាត់ទៅហើយ ប៉ុន្តែវានៅតែជាសត្វដែលស្ថិតក្នុងដួងព្រលឹងជាតិរបស់កម្ពុជា។ សត្វគោព្រៃ ត្រូវបានគេចាត់ទុកជាថនិកសត្វដ៏អាថ៌កំបាំងមួយក្នុងពិភពលោក។
សត្វគោព្រៃ ជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា។ សត្វគោព្រៃ ប្រហែលជាផុតពូជពីពិភពលោកនេះបាត់ទៅហើយ ប៉ុន្តែវានៅតែជាសត្វដែលស្ថិតក្នុងដួងព្រលឹងជាតិរបស់កម្ពុជាយើងនៅឡើយ។ សាធារណជន ប្រហែលជាធ្លាប់បានឮពីក្រុមបាល់ទាត់កម្ពុជាដែលមានឈ្មោះថា «គោព្រៃ» ហើយ ប៉ុន្តែ អ្នកប្រហែលជាមិនបានដឹងនោះទេថា គោព្រៃត្រូវបានចាត់តាំងជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។
គោព្រៃដែលត្រូវបានគេស្គាល់តាមឈ្មោះវិទ្យាសាស្ត្រថា Bos Sauveli គឺជាប្រភេទសត្វព្រៃដ៏អាថ៌កំបាំង និងគួរឱ្យស្ញប់ស្ញែង ហើយវាត្រូវបានចុះជាប្រភេទជិតផុតពូជបំផុតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការពិតដ៏គួរឱ្យចាប់អារម្មណ៍មួយអំពីគោព្រៃសម្រាប់ប្រជាជនខ្មែរយើងត្រូវដឹងនោះ គឺពិភពលោកបានហៅឈ្មោះផ្លូវការរបស់វារជាភាសាខ្មែរតែម្តង ដែលសរសេរជាភាសាអង់គ្លេសថា «Kouprey» ឬបកជាភាសាអង់គ្លេសថា «Forest Ox»។ មូលហេតុ ព្រៃនៅក្នុងប្រទេសកម្ពុជា មានវត្តមានប្រភេទសត្វគោនេះសំខាន់ជាងគេក្នុងប្រវត្តិសាស្រ្តនៃធម្មជាតិ។
ថ្វីត្បិតតែវាជាសត្វតំណាងជាតិរបស់កម្ពុជាយើងក៏ដោយ ក៏ប៉ុន្តែគេកម្រនឹងបានឃើញសត្វគោព្រៃនេះណាស់ ហើយវាត្រូវបានគេចាត់ទុកជាថនិកសត្វដ៏អាថ៌កំបាំងមួយក្នុងពិភពលោក។ ជាងនេះទៅទៀត ពិភពលោកបានទទួលស្គាល់សត្វគោព្រៃ ថាជាប្រភេតថនិកសត្វមាឌធំដែលមានមនុស្សតិចតួចបំផុតបានឃើញវានៅប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សា និងអភិរក្សប្រភេទសត្វនេះ រួមទាំងការធ្វើដំណើរទៅកាន់តំបន់ព្រៃដាច់ស្រយាលក៏ដោយ គោព្រៃនៅតែបន្តគេចខ្លួនពីក្រសែភ្នែករបស់អ្នកស្រាវជ្រាវ និងអ្នកអភិរក្សដដែល។ ធម្មជាតិដ៏អាថ៌កំបាំង និងចំនួនដ៏តិចតួចរបស់វានៅក្នុងព្រៃ បានបង្កើនភាពទាក់ទាញ និងធ្វើឱ្យមនុស្សជាច្រើនចង់ឃើញវាជាខ្លាំង៕