Cctimesw1140xh150cm copy

ក្រុមហ៊ុន Plus94 Fund ចាប់អារម្មណ៍វិនិយោគលើសេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងម៉ែលប៊ន៖ ក្រុមហ៊ុន Plus94 Fund បានបង្ហាញបំណងវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥ ០០០ នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ គោលបំណងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយឱ្យ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោក Arj Samarakoon នាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា ហើយលោកនាយកប្រតិបត្តិ ក៏បានជម្រាបបន្ថែមទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន កាលពីឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន Plus 94 Fund ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច។ សម្តេច ក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួល និងគាំទ្រ និងរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង