ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ឱកាសនិងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា និងដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។
ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់សភាពការណ៍ដែលកំពុងវិវត្ត។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្រ្តី បានថ្លែងទៀតថា ជាលក្ខខណ្ឌធម្មជាតិ ស្ត្រីបានកើតមកជាមួយនូវកម្លាំងរូបវន្តខ្សោយជាងបុរស ព្រមទាំងការទទួលខុសត្រូវផ្នែកគ្រួសារខ្លាំងជាងបុរស រួមជាមួយក្រឹត្យក្រមសង្គមមួយចំនួន ដែលជាបុព្វហេតុចម្បងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លំហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែក Gender វិសមភាពការងារ អំពើហឹង្សា ការជួញដូរ ការកេងប្រវ័ញ្ចនិងអយុត្តិធម៌ក្នុងសង្គមជាដើម៕