ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានកើនឡើងចំនួន ៧.៧៤% ពោលពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់របស់លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសពិភាក្សាការងារជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
កិច្ចពិភាក្សាការងារនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ដែលមានដូចជា៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard, ក្រុមហ៊ុន Meta, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Philip Morris International, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Roche, ក្រុមហ៊ុន Tilleke & Gibbins និងក្រុមហ៊ុន Visa។
ជាមួយគ្នានេះ លោក បួន សារៈមុនី ក៏បានស្តាប់អំពីសំណូមពរផ្សេងៗ ដែលបានលើកឡើងដោយសមាជិក US-ABC និងបានជម្រាបជូនគណៈប្រតិភូអាម៉េរិក អំពីគោលនយោបាយថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃសម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណៈជនទទួលយកសេវាផ្សេងៗរបស់ក្រសួងផងដែរ។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ៕