ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០១មីនានេះ បានចេញសេចក្តីប្រកាសសម្រេចបញ្ឈប់ការបោះពុម្ពផ្សាយកាសែត ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក្រោយដំណើរការ៣០ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ និងការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈម នឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ក្នុងសេចក្តីប្រកាសរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ពីមូលហេតុនៃការសម្រេចបញ្ឈប់ការបោះពុម្ពផ្សាយថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈម នឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
បើទោះបីម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែ នៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុន បានសម្រេចដោយសេចក្ដីសោកស្ដាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ការសែតភ្នំពេញប៉ុស្តិ៍ ជាស្ថាប័នកាសែតទី២ ដែលបានប្រកាសសម្រេចបញ្ឈប់ការបោះពុម្ពផ្សាយកាសែត បន្ទាប់ពីកាសែតរស្មីកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយនៅកម្ពុជា បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែត កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដោយមូលហេតុមិនមានចំណូលគ្រប់គ្រាន់សម្រាប់បុគ្គលិក៕