
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពលើការស្នើឡើងរបស់ប្រទេសជប៉ុនក្នុងការបើកដំណើរការឡើងវិញនូវជើងហោះហើររវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន) ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩។ គម្រោងនៃការបើកដំណើរការជើងហោះហើរជាមួយជប៉ុន នឹងគ្រោងធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានផ្តល់មកស៊ីស៊ីថាមស៍នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំនីតិវិធីសម្រាប់ជើងហោះហើរជាមួយជប៉ុនឡើងវិញដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២០។
លោកបានបន្ថែមថា ការសម្រេចនេះពុំទាន់យកជាការបានពិតប្រាកដបានទេ ព្រោះនៅមានការរងចាំសេចក្តីសម្រេចពីគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩ ជាមុនសិន។
គួរបញ្ជាក់ដែរថា កម្ពុជាបានឯកភាពលើការស្នើឡើង របស់ប្រមុខការទូតជប៉ុន ដែលជប៉ុនចង់បើកដំណើរការឡើងវិញ នូវជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីស្តារសេដ្ឋកិច្ច ពីវិបត្តិកូវីដ១៩។ ការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុនដែលកំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជា។
ជាមួយនឹងការឯកភាពត្រៀមខ្លួនបើកដំណើរការឡើងវិញ នូវជើងហោះហើររវាងប្រទេសទាំងពីរកម្ពុជាក៏ បានដៅឈ្មោះក្រុមហ៊ុនហោះហើរចំៗ គឺក្រុមហ៊ុនអាណាណា សម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរ ប៉ុន្តែត្រូវអនុវត្តនូវវិធានសុខាភិបាលមួយចំនួនជាចាំបាច់ផងដែរ៕