Cctimesw1140xh150cm copy

ទិន្នផល«អំបិល»នៅកែបប្រមូលបានជិត៤ពាន់តោនកើនឡើងខ្ពស់គុណ១០០ដង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កែប៖ ត្រឹមរយៈពេលជិត២ខែ ដើមឆ្នាំ២០២៤នេះ អំបិលខេត្តកែបទទួលបានទិន្នផលខ្ពស់ ដោយអំបិលក្នុងឃ្លាំងប្រមូលបានជិត៤ពាន់តោន ដែលទិន្នផលនេះ កើនឡើងគុណនឹង១០០ដង បើធៀបជាមួយរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នាឱកាសចុះពិនិត្យដំណើរការផលិតអំបិលនៅក្នុងកែប កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំបន្ថែមដល់អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវបន្តអនុវត្តគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលអោយបានខ្លាំងជាងមុនបន្ថែមទៀត និងលើកទឹកចិត្តដល់ម្ចាស់ស្រែអំបិលអោយបន្តផលិតអំបិលអោយបានរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែលពីដូនតាបន្សល់ទុក ហើយផលិតផលអំបិលនេះ ជាទំនិញដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្តផងដែរ។

តាមតួរលេខដែល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកែប បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកែប មានទីតាំងផលិតអំបិលចំនួន០៧ទីតាំង លើផ្ទៃដីផលិតជាក់ស្តែងសរុប ៣៣១ហិកតា (ផ្ទៃដីសរុបចំនួន៤៩៧ ហិកតា) ក្នុងនោះឃ្លាំងស្តុកអំបិលមានចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ការងារចំនួន១៩៣នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង