កោះកុង៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ចុះករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនសង្ស័យឈ្មោះ តាំ ឈិន ភេទប្រុស បើកគ្រឿងចក្រអេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
យោងតាមសេចក្តីប្រកាស អយ្យការអមសាលាដំបូងខេត្តកោះកុង បានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនឈ្មោះ តាំ ឈិន ភេទប្រុស មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុងឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើ។
ទន្ទឹមនេះ ក៏មានការកោះហៅ ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ តំណាងគ្រួសារជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់ជាធរមាន។