Cctimesw1140xh150cm copy

ក្រុមហ៊ុនអាម៉េរិកធំៗចំនួន១៧ចាប់អារម្មណ៍ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ និងវិស័យមួយចំនួនទៀត បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។ គោលបំណងទាំងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

 លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង ដែលក្នុងនោះមានក្រុមហ៊ុនដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។ល។ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។

សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគនៅកម្ពុជា ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ក្នុងនោះសម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន ដែលមិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុណ្តោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សម្ដេចក៏បានលើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅកម្ពុជា។



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង