ភ្នំពេញ៖ លោកឧកញ៉ា ជឹម ឃាន អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង ឩកញ្ញា ជឹម សុផល ប្រធានសមាគមអតីតនិស្សិតសកលវិឡាល័យ ហួរឈៀវ នៃប្រទេសចិន និង លោកជំទាវ វ៉ា សុជិន ជាអនុប្រធានព្រមទាំងសមាជិក នៅថ្ងៃទី ២៨ កុម្ភៈនេះ បាននាំយកថវិកាសប្បុរសធម៌ ចំនួន២ម៉ឺន៦ពាន់ដុល្លារ ដែលទទួលបានមកពីការចូលរួមរបស់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់ការព្យាបាលកុមារកម្ពុជាដែលមកទទួលសេវាព្យាបាលឥតគិតថ្លៃនៅមន្ទីពេទ្យនេះ។
ក្នុងថវិកា២ម៉ឺន និង៦ពាន់ដុល្លារ គឺទទួលបានពីសប្បុរសជនមួយចំនួនដូចជា៖ -លោកឧកញ៉ា ជឹម ឃាន និងលោកជំទាវ ឈឹម ណារិន ចំនួន 20,000$ ,លោក អ៉ឹង លាងសួ និង លោកស្រី ជឹម សុរីដា ចំនួន 1,000$, លោក LI SHUANGDIAO ចំនួន 1,000$, លោក XU QINGMIAO ចំនួន 1,000$, លោក LEE CHIEN-HSIANG ចំនួន 1,000$ និង សមាគមអតីតនិស្សិតសកលវិឡាល័យ ហួរឈៀវ នៃប្រទេសចិន ចំនួន 2,000$ និង សម្ភារ:បរិក្ខារមានដូចជា៖ម៉ាស៊ីនវាស់កំដៅខ្នាតតូច ១០គ្រឿង,ជែលលាងដៃ ២០ដប និង ទឹកថ្នាំសម្លាប់មេរោគ ២០កាដុង។សម្ភារៈទាំងអស់នេះរៀបចំឡើងដោយសមាគមអតីតនិស្សិតសកលវិទ្យាល័យហួរឈៀវនៃប្រទេសចិន។
ក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ចំណាយថវិកាសរុបប្រមាណ ៤០.៧១ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ដោយក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យ ទទួលអ្នកជំងឺកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ ករណី, កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់, ស្រ្តីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ ករណី និង សម្រាលកូនបានចំនួន ២១ ៦៤៤ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៦ ១៦០ នាក់, វះកាត់សរុបចំនួន ២៧ ៧០០ នាក់, កុមារមានជំងឺបេះដូងពីកំណើតត្រូវបានវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្ជិតសរសៃបេះដូងចំនួន ៩៤៩នាក់។
លោកជំទាវ វ៉ា សុជិន អនុប្រធានសមាគមអតីតនិស្សិតសកលវិទ្យាល័យហួរឈៀវនៃប្រទេសចិន បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ថា លោកជំទាវពិតជាមានអារម្មណ៍សប្បាយរីករាយពេលដែលចូលរួមជាមួយក្រុមការងារបរិច្ចាគថវិកាជួយដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។សម្រាប់លោកជំទាវទោះតិចឬច្រើនក្តី តែវាជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានសម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និង មានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា៕