ក្រុងគូឡាឡាំពួ៖ កម្ពុជា និងម៉ាឡេស៊ី នឹងរួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យធនាគារក្នុងប្រទេសទាំងពីរ និងត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលកន្លងមក ក៏ដូចជារឹតចំណងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរឱ្យកាន់តែរឹងមាំ។ កិច្ចការងារនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមធនាគារជាតិនៃកម្ពុជា កិច្ចប្រជុំនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យធនាគារក្នុងប្រទេសទាំងពីរ និងត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលកន្លងមក ក៏ដូចជារឹតចំណងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរឱ្យកាន់តែរឹងមាំ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នយោបាយរូបិយវត្ថុ និងការងារធនាគារកណ្ដាល ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លង ដែលបានរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរយ៉ាងល្អប្រសើរ។
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះអនុស្សរណៈយោគយល់ជាលើកដំបូងក្នុងឆ្នាំ ២០១០ សំដៅលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ ការអភិវឌ្ឍប្រព័ន្ធទូទាត់ ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន និងយន្តការត្រួតពិនិត្យប្រព័ន្ធធនាគារជាដើម។ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សក៏ត្រូវបានបង្កើនជាបន្តបន្ទាប់ តាមរយៈទស្សនកិច្ចសិក្សា និងសិក្ខាសាលាចែករំលែកចំណេះដឹង៕