Cctimesw1140xh150cm copy

វិស័យឯកជនកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងរួមគ្នាច្បាមយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

រាជធានីអាប៊ុយដាប៊ី៖ វិស័យឯកជនកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងរួមគ្នាច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅអគារសភាពាណិជ្ជកម្មអាប៊ុយដាប៊ី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋមន្ត្រីថ្នាក់រដ្ឋនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (Minister of State) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពលធុរកិច្ច និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

លោក សួន សុផល បានលើកឡើងថា វេទិកានេះអាចជួយបង្កលក្ខណៈសម្រាប់ជំរុញ និងទាក់ទាញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មសំដៅច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បន្ថែមពីនេះ លោកក៏បានពិពណ៌នាជូនធុរជន និងវិនិយោគិនដែលមានវត្តមាននាឱកាសនេះអំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ក៏ដូចជាព័ត៌មានចាំបាច់នានាទាក់ទិននឹងកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងសេវាថែទាំវិនិយោគ ដើម្បីជាពុទ្ធិសម្រាប់ជំនួយស្មារតីជូនទៅដល់សមាសភាពចូលរួមក្នុងការគិតគូរពិចារណាអញ្ជើញមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬជាភាគហ៊ុនិកជាមួយដៃគូ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង