ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី០៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ«ទិវាវប្បធម៌ជាតិ» ដែលជាទិវាវប្បធម៌ដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរម្លឹកដល់គុណូបការៈចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌អរិយធម៌ដ៏ឧត្តុងឧត្តមនេះ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឲ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សា និងការពារសម្បត្តិវប្បធម៌របស់ជាតិ។