ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី ២៧ កុម្ភៈនេះ បានចេញសេចក្ដីជូនដំណឹង អំពីការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឲ្យបានត្រឹមត្រូវ នៅលើបណ្ដាញផ្សព្វផ្សាយ បណ្ដាញទំនាក់ទំនងសង្គម និងនៅតាមទីសារធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងស្មារតីស្រឡាញ់ និងថែរក្សាអក្សរ និងភាសាជាតិឲ្យបានគង់វង្ស។
បើតាមក្រសួងអប់រំ បានឲ្យដឹងថា នៅក្នុងបណ្ដាញផ្សព្វផ្សាយ បណ្ដាញទំនាក់ទំនងសង្គម និងនៅតាមទីសារធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ត្រូវជួយបង្កើនការស្រឡាញ់ និងថែរក្សាអក្សរ និងភាសាជាតិឲ្យបានគង់វង្ស និងរីកចម្រើនថែមទៀត។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការណែនាំ ដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ គ្រឹះស្ថានសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ដូចខាងក្រោម៖
១, សិស្សានុសិស្ស និងយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍។
២, សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឲ្យបានត្រូវតាមក្បូនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្ដាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សាយឬការចែករំលែកព័ត៌មានផងដែរ ។
៣, គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយដែលប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។
៤, គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិត ឲ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឲ្យបានត្រឹមត្រូវ និងផុសផុល។
៥, គណគ្រប់គ្រង់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឲ្យមានការប្រឡងប្រជែងអាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។
៦, គ្រប់អង្គភាពអប់រំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាលារៀន ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរឲ្យបានត្រឹមត្រូវ នៅក្នុងលិខិរដ្ឋបាល ឬលិខិតបទដ្ឋានគតិយុត្តទាំងឡាយ។
៧, មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវ។
៨, មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្សឲ្យប្រកាន់ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃ ជំនួសតួរអក្សរខ្មែរ។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា គ្រប់អង្គភាពទាំងនៅក្នុងថ្នាក់ជាតិ ក្រោមថ្នាក់ជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការ ផ្សព្វផ្សាយ និងអនុវត្តតាមសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវ៕