Cctimesw1140xh150cm copy

ខេត្តបន្ទាយមានជ័យទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុន១៩គម្រោងក្នុងទុន១២៦លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

បន្ទាយមានជ័យ៖ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាម៉េរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួមមាន តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត។ ការចុះពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំវិស័យឯកជន ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈម និងតម្រូវការនានារបស់វិនិយោគិន ដែលជាកម្លាំងចលករសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ខាងលើត្រូវបាន លោកអនុប្រធាន និងប្រតិភូអមដំណើរ ពិនិត្យមើលសកម្មភាពផលិតកម្មរួមមាន៖ ១. ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។ ២. ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ២៣៩កន្លែង។ ៣. ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង