ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ»ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២៤នៅសាលសន្និសីទចតុម្មុខ។
គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងបន្ទាប់ពីមានការគាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការគាំទ្រសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។
ក្នុងសន្និសីទសាព័ត៌មានបង្ហាញពីការត្រៀមរៀបចំរាត្រីសមោសរ សំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ»កាលពីរសៀលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤នៅទីស្តីការក្រសួង លោកជំទាវឡងឌីសាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបិយរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។
តាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»អមដោយពិព័រណ៍សិប្បកម្មខ្មែរ»គឺនៅថ្ងៃសុក្រ ទី១ខែមីនា ឆ្នាំ២០២៤ នឹងមានកម្មវិធីបើកពិព័រណ៍សិល្បៈខ្មែរនៅសាលសន្និសីទចតុម្មុខ។ បន្ទាប់មកថ្ងៃសៅរ៍ទី២ នឹងមានចាក់បញ្ចាំងវីដេអូស្តីពីប្រវត្តិ នៃសម្លៀកបំពាក់តាមសម័យកាលដោយចាប់ផ្តើមពីសម័យអង្គរ។
បង្ហាញទស្សនីយភាពសិល្បៈ បទចម្រៀង«សំបុត្របង »អមដោយវីដេអូខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ,វីដេអូបង្ហាញពីភូមិតម្លាញ់ខ្មែរ ,ចាប៉ីដងវែង «តម្លៃនៃសំពត់ខ្មែរ», បញ្ចាំងវីដេអូសម្ភាសន៍ថ្នាក់ដឹកនាំវីរសិល្បៈ និងមន្ត្រីជំនាញ អំពីការប្រើប្រាស់សំពត់បត់ខ្មែរក្នុងកម្មវិធីផ្លូវការ និងកម្មវិធីសាសនាផ្សេងៗ, របាំទេវស្រីសួគ៌ និងការបង្ហាញម៉ូតសម្លៀកបំពាក់រាត្រីសមោសរជាដើម។
នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរសាធារណជន សិស្ស និស្សិត និងភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕