Cctimesw1140xh150cm copy

កម្ពុជា-អាម៉េរិក ពិភាក្សាគ្នាជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា-អាម៉េរិក ពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International ក៏ដូចជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា វិនិយោគិនជាតិ-អន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ផ្អែកលើគោលបំណងរួមរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គោលដៅជាយុទ្ធសាស្ត្រមួយចំនួនបានលើកឡើងនូវគំនិតផ្ដួចផ្ដើមផ្សេងៗដូចជា ការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន រួមមានបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា(Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់, បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។

លើកឡើងនៅក្នុងជំនួបនេះ ឯកឧត្តមឧត្តមសេនីយ៍ Jim Jones បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧត្តមសេនីយ៍ ជឿជាក់ថាតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អកើនឡើងមួយកម្រិតទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង