ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បានយាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៩៣ វស្សា ដោយព្រះជរាពាធក្នុង នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ព្រះសព ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បី ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនា ខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ ចំពោះកាលបរិច្ឆេទនៃព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវថ្វាយ-ប្រគេន-ជូន ដំណឹងនៅពេលក្រោយ។
សម្ដេច ទេព វង្ស បានគង់ព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យ តាមដានព្រះរាជសុខភាពរបស់ព្រះអង្គ យ៉ាងយកចិត្តទុកដាក់បំផុត។ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពសុខភាពរបស់ព្រះអង្គចេះតែបន្តចុះខ្សោយទៅៗរហូតសុគតក្នុងជន្មាយុ ៩៣វស្សា ដោយព្រះជរាពាធ។
សម្តេច ទេព វង្ស ប្រសូតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានបិតានាម ទេព ឈិត និង មាតានាម ប៉ិច អាត់។សម្តេចបានសាងព្រះផ្នួសលើកទី១ នៅឆ្នាំ១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ "ពុទ្ធសរ" ព្រះសមុហ៍ នៅ វត្តរាជបូណ៌ ខេត្តសៀមរាប។ព្រះផ្នួសលើកទី២ នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឋិតសីលោ និមន្តមកពីកម្ពុជាក្រោម។ នៅឆ្នាំ១៩៧៩ ដដែលបានឡើងនាទីជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាម កើត វ៉ាយ។
ព្រះវិន័យធរ ទេព វង្ស ទ្រង់ជាព្រះឧបជ្ឈាយ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗដែលជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយរស់រានជីវិតក្រោយរបបខ្មែរក្រហម។ព្រះគោរមងាររបស់សម្តេច គឺព្រះវិន័យធរជាព្រះឧបជ្ឈាយ៍នៃកម្ពុជា (១៩៧៩) ,ព្រះមហាសុមេធាធិបតី សង្ឃនាយក (១៩៩១), សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ (១៥.វិច្ចិការ.១៩៩១),សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត,សម្ដេចព្រះអគ្គមហាសង្ឃរាជ (២៩.មេសា.២០០៦ដល់២០២៤៕